Category Archives: អារម្មណ៍​ខ្ញុំ

រកឃើញ WordPress ខ្ញុំវិញហើយ!

roub

៤ឆ្នាំហើយដែលខ្ញុំបានទុក ប្លក់ roubroum.wordpress ចោល ។ តាមពិតទៅ ខ្ញុំបានបង្កើតប្លក់នេះឡើង ដើម្បីសរសេររៀបរាប់ទាក់ទងនឹងអ្វីដែលខ្ញុំបានមើលឃើញ ជួបប្រទះ ប៉ុន្តែជាមួយគ្នានេះ ខ្ញុំមានប្លក់មួយទៀត ឈ្មោះ football-roubrom.blogspot.com ដែលតម្រូវឲ្យមានការមមាញឹកយ៉ាងខ្លាំងក្នុងការចុះផ្សាយព័ត៌មានស្តីពីបាល់ទាត់កម្ពុជា ជាពិសេសលទ្ធផលថ្មីៗ ចន្លោះពីឆ្នាំ២០០៥ដល់ឆ្នាំ២០១២។

ក្រោយមក ខ្ញុំមានបញ្ហាជាមួយប្លក់ football-roubrom.blogspot.com ដែលនៅកាលណោះ ខ្ញុំប្រើម៉ូឌឹមរបស់ក្រុមហ៊ុន Metfone ហើយក្រុមហ៊ុនបានបិទមិនឲ្យដំណើរការលើ blogspot បន្ទាប់ពីមានប្លក់មួយឈ្មោះ ki-media.blogspot.com បានចុះផ្សាយព័ត៌មានរសើបៗទាក់ទងនឹងនយោបាយ។ ខ្ញុំបានដូរពី blogspot.com ទៅជា co.cc [football-roubrom.co.cc]។

ជាមួយដូម៉ែន co.cc ខ្ញុំអាចបន្តអាប់ដេតព័ត៌មានបាល់ទាត់ត្រឹមរយៈពេល២ ទៅ៣ខែប៉ុណ្ណោះ បន្ទាប់មក ខ្ញុំលែងអាចធ្វើអ្វីបានទាំងអស់ ដែលជាហេតុធ្វើឲ្យខ្ញុំបាត់បង់ប្លក់បាល់ទាត់សំណព្វរបស់ខ្ញុំយ៉ាងសោកស្តាយបំផុត។ ដោយសារតែការបាត់បង់នេះ ធ្វើឲ្យខ្ញុំគ្មានអារម្មណ៍អាប់ដេត roubroum.wordpress.com ពីព្រោះនឹកគិតថា វាអាចបាត់បង់នៅថ្ងៃណាមួយដូចគ្នា ហើយបន្ថែមពីលើនេះ ដោយសារតែខ្ញុំមមាញឹកខ្លាំងក្នុងតួនាទីជា ការីនិពន្ធព័ត៌មានកីឡានៅកាសែតភ្នំពេញ ប៉ុស្តិ៍ និងបន្តធ្វើការក្រៅម៉ោងក្នុងការយកព័ត៌មានតុលាការ [Delit & Denis] ប្រចាំសប្តាហ៍ឲ្យកាសែតបារាំង Cambodge Soir [ដែលខ្ញុំផ្តើមអាជីពជាអ្នកយកព័ត៌មានពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩]។

ពេលនេះ ទោះបីជាមមាញឹកខ្លាំងនៅសារព័ត៌មានថ្មីៗ ក៏ដោយ ខ្ញុំនឹងព្យាយាមរកពេលវេលាដើម្បីសរសេរនៅលើប្លក់នេះផងដែរ ទាក់ទងនឹងអ្វីៗដែលខ្ញុំបានជួបប្រទះ និងគិត។

Advertisements

ចៃស្តាត…

ចុង​សប្តាហ៍​ដែល​មិន​បាន​មើល​ការ​ប្រកួត​កីឡា​បាល់ទាត់ វាប្រៀប​បាន​ដូច​ជា​ចុង​សប្តាហ៍ដ៏​ធុញ​ថប់មួយ​ផង​ដែរ​សម្រាប់​ខ្ញុំ។ នៅ​ក្នុងការប្រកួត​កីឡា​បាល់ទាត់​ក្រប​ខណ្ឌលីក ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​មិត្ត​ភាព​អន្តរជាតិនានា ខ្ញុំ​បាន​អវត្តមាន​ចំនួន​តិច​បំផុត។ ពិតណាស់ វា​គឺជាការងារ​របស់​ខ្ញុំដែល​ត្រូវ​តាម​ដាន​ការ​ប្រកួតក្នុង​នាម​ជាការីនិពន្ធ​ព័ត៌មាន​កីឡា​ប្រចាំ​សារព័ត៌មាន ភ្នំពេញ​ ប៉ុស្តិ៍ ជា​ភាសាខ្មែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងនេះ គឺ​ចំណង់​ចំណូល​ចិត្ត​របស់ខ្ញុំ​ផ្ទាល់​តែម្តង។

កាល​ពី​ឆ្នាំ​២០០៥ ខ្ញុំគឺ​ជា​អ្នក​គាំ​ទ្រ​ដ៏​ស្មោះស្ម័គ្រម្នាក់​របស់​ក្រុម​ខេមរាកីឡា។ នៅរាល់​ការ​ប្រកួត​របស់​ក្រុម​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ជោគ​ជ័យ​មួយនេះ ខ្ញុំមិន​សូវមាន​ការ​អាក់​ខានឡើយ ដោយ​ពេល​ខ្លះ​ ខ្ញុំ​បាន​សុំ​ច្បាប់​ពី​កន្លែង​ការងារ​ដើម្បីមើល​ការ​ប្រកួត​ទៀត​ផង។ ក្នុងនាមជា អ្នក​យក​ព័ត៌មាន​ប្រចាំ​សារព័ត៌មាន​ភាសាបារាំង Cambodge Soir នា​ពេលនោះ ខ្ញុំ​តែង​តែ​សរសេរការ​វិភាគ​ព័ត៌មាន​កីឡា​បាល់​ទាត់​នៅ​ក្នុង​ស្រុក​ជាប្រចាំ។ ដោយ​សារ​តែ​អត្ថបទទាំងនេះ ខ្ញុំ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាច្រើន​ជាមួយ​ខ្មែរនៅ​ប្រទេសបារាំង និង​បណ្តា​អ្នក​ស្រឡាញ់​បាល់​ទាត់​ដែលនិយាយ​ភាសា​បារាំង។

មក​ដល់​ពេលនេះ ចៃនៅ​តែចៃ។ ប្រសិន​បើ​មិត្ត​ស្រីរបស់​ខ្ញុំ មិន​មាន​ការយោគយល់​អធ្យាស្រ័យ​ទេនោះ យើង​បាន​ប្រហែល​ជាបែក​បាក់​គ្នាយូរ​ហើយ ព្រោះ​ខ្ញុំ​ហាក់​ដូច​ជាឲ្យ​តម្លៃទៅ​លើ​ការ​ប្រកួតកីឡា​បាល់​ទាត់​ជាង។ ពេល​ថ្ងៃមើល​បាល់​នៅ​ក្នុង​ស្រុក ពេល​យប់​សំកុក​ចាំមើល​ Premier League ជាពិសេសក្រុម​សំណព្វ​ Arsenal របស់​ខ្ញុំ។

សាក​ល្បងកាម៉េរានា​ការ​ប្រកួតហ៊ុន សែន​ខាប់នៅ​ពហុកីឡ​ដ្ឋាន​ជាតិកាល​ពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ។ ថតដោយៈ បញ្ញា