លោកហ៊ុន សែន៖ “ការបញ្ចប់តំណែងលោក កែ គឹមយ៉ាន មិនទាក់ទងនឹងទំនាស់ផ្ទៃក្នុងបក្សឡើយ”

កាលពីព្រឹកថ្ងៃសុក្រទី ៦កុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់
ក្រុមអ្នកសារព័ត៌មានថា ការបញ្ចប់តំណែងលោក កែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គ្រាន់តែផ្នែកមួយនៃកំនែទម្រង់កងទ័ពប៉ុណ្ណោះមិនមែនកើតឡើងដោយសារទំនាស់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានោះទេ។ លោកហ៊ុន សែនក៏បានព្រមានផងដែរដល់ក្រុមគណបក្សប្រឆាំងឲ្យឈប់លូកដៃ ចូលកិច្ចការគណបក្សប្រជាជនទៀត បើមិនដូច្នោះទេ ពួកគេនឹងទទួលបានលទ្ធផលដូចគណបក្ស ហ្វ៊ុន ស៊ិនប៉ិច កាលពីឆ្នាំ ១៩៩៧។

គណបក្សប្រជាជនកម្ពុជា មិនមានទម្លាប់ទំនាស់គ្នាលើបញ្ហានានានោះទេ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបន្ទាប់ពីជំនួបជាមួយលោក Pawit Wongsuwan រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។

ការបញ្ចប់តំណែងលោក កែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបាន លោក ហ៊ុន សែន អះអាងថាមិនមែនជាការបង្កើនកម្លាំងរបស់ខ្លួនដើម្បី ពន្លិចកម្លាំងលោក ជា ស៊ីម ប្រធានគណបក្ស ដូចជាការធ្វើអត្ថាធិប្បាយរបស់មជ្ឈដ្ឋាននានា ពិសេសក្រុមគណបក្ស ប្រឆាំងនោះឡើយ។ បើតាមលោកនាយករដ្ឋមន្ត្រី នេះជាដំណើរការធម្មតានៃកំនែទម្រង់កងទ័ព ដើម្បីទទួលបាននូវប្រសិទ្ធិភាពសម្រាប់ការដឹកនាំនៅក្នុងអណត្តិទីបួន របស់លោកតែប៉ុណ្ណោះ។

លោកហ៊ុន សែនបានលើកឡើងពីបុព្វសិទ្ធិរបស់ខ្លួនលើការគ្រប់គ្រងកម្លាំងកងទ័ព ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដោយកិច្ចការទាំងនេះ មិនទទួលឥទ្ធិពលពីគណបក្សនោះទេ។
ឆ្លៀតឪកាសនេះដែរ លោក ហ៊ុន សែន បានព្រមានយ៉ាងធ្ងន់ដល់ក្រុមគណបក្សប្រឆាំងឲ្យឈប់លូកដៃចូលកិច្ចការផ្ទៃក្នុងគណបក្ស ប្រជាជនរបស់លោក ដោយគំរាមថាពួកគេនឹងទទួលបាននូវការវាយបកដូច គណបក្ស ហ្វ៊ុន ស៊ិន ប៉ិច កាលពីឆ្នាំ ១៩៩៧។ តាមសម្តីរបស់លោក បើពេលនោះ គណបក្ស ហ្វ៊ុន ស៊ិន ប៉ិច មិនលូកដៃចូលគណបក្សប្រជាជនទេនោះ គណបក្សរាជានិយមមួយនេះ ក៏មិនបែកបាក់គ្នាឡើយរហូតមកដល់បច្ចុប្បន្ននេះ។

យោងតាមព្រះរាជក្រិតមួយចុះថ្ងៃទី២២ មករា លោក កែ គឹមយ៉ាន ត្រូវបានបញ្ចប់តំណែងពីតួនាទី អគ្គមេបញ្ជាការកងទ័ព ហើយត្រូវបានជំនួសដោយអនុប្រធានរបស់លោកគឺ លោក ប៉ុល សារឿន។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ ៧រូបផ្សេងទៀត ក៏ត្រូវបានតែងតាំងផងដែរជាអគ្គមេបញ្ជាការរង។ បើតាមមជ្ឈដ្ឋាននានា ការផ្លាស់ប្តូរនេះគឺដោយសារតែ បញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែការអះអាងទាំងនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សបដិសេធ។ បើតាមលោក ហ៊ុន សែន លោក កែ គឹមយ៉ាន នៅតែមានឋានៈជាឧត្តមសេនីយ៍ ដែលមានកម្លាំងការពារ និងជាបុគ្គលដ៏សំខាន់ម្នាក់របស់គណបក្សប្រជាជនកម្ពុជាដដែល។

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមិនអាចសុំការបំភ្លឺបានឡើយនៅថ្ងៃនេះ ចំពោះការចោទប្រកាន់ថាបានលូកដៃចូលកិច្ចការផ្ទៃក្នុងគណបក្សប្រជាជន៕

អ៊ឹង ចំរើន Phnom Penh RFI (Radio France Internationale)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s