ភ្នំពេញៈ កាលពីថ្ងៃម្សិលមិញ លោក Lee Tae Hoon គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង បានបញ្ចេញបញ្ជីឈ្មោះនៃក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុ ជាចំនួន២៥នាក់សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមឈុតយុវជន អូឡាំពិក (ក្រោម ២៣ឆ្នាំ) របស់ម៉ាឡេស៊ី នាថ្ងៃអង្គារ នៅពហុកីឡដ្ឋានជាតិ។
នេះគឺជាការប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំសម្រាប់ កម្ពុ ជានៅមុនការប្រកួតជម្រុះជុំទីមួយប្រចាំតំបន់អាស៊ីនៃយុទ្ធ នាការ ពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ដោយក្រុមកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឡាវនៅចុង ខែនេះ។
កីឡាករដែលកំពុងលេងនៅប្រទេសថៃ ដូចជា ឃឹម បូរី កែវ សុងន និងចាន់ រិទ្ធី មិនទទួលបាននូវការកោះហៅឡើយ ខណៈ អ្នកចាំទី ប៉េង ប៊ុនឆាយ និងខ្សែប្រយុទ្ធ សុក ផេង របស់ភ្នំពេញក្រោនដែលបានបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិនា យុទ្ធនាការ AFC Challenge Cup នៅប្រទេសម៉ាល់ឌីវ ក៏ត្រូវបានដកចេញពីបញ្ជីផងដែរ។
កីឡាករថ្មីចំនួន៨នាក់ ត្រូវបានលោក Lee Tae Hoon ដាក់បញ្ចូលសម្រាប់ជំនួបជាមួយក្រុមជម្រើសជាតិយុវជនម៉ាឡេស៊ី ដែលជាម្ចាស់ជើងឯកស៊ីហ្គេមឆ្នាំ២០១០។
ការជ្រើសរើសកីឡាករមួយចំនួនក៏ទទួលបាននូវការរិះគន់ផងដែរពី សំណាក់ក្រុមអ្នកគាំទ្រ ប៉ុន្តែ លោក អៀង សាក់នីដា ជំនួយការគ្រូបង្វឹក បានមានប្រសាសន៍កន្លងមកថា លោក Lee Tae Hoon សម្លឹងទៅដល់យុទ្ធនាការស៊ីហ្គេមនាពេលខាងមុខ ហេតុដូច្នេះហើយបានជាលោកដាក់បញ្ចូលកីឡាករក្មេងៗជាច្រើននៅ ក្នុងក្រុម។
នៅមុនជំនួបជាមួយកម្ពុជា ក្រុមជម្រើសជាតិឡាវ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពចំនួនពីរលើកនៅប្រទេសចិនផងដែរ។
ឡាវនិងកម្ពុជា បានជួបគ្នានៅក្នុងយុទ្ធនាការវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១០ ដែលទទួលបានលទ្ធផលស្មើ ០-០។
បញ្ជីឈ្មោះកីឡាករទាំង២៥នាក់៖
- អ្នកចាំទីៈអ៊ុក ម៉ិច (ព្រះខ័នរាជ) ស៊ូ យ៉ាទី (ការពារជាតិ)
- ខ្សែការពារៈទូច បញ្ចរ៉ុង សាយ ពិសិដ្ឋ (នគរបាលជាតិ) ទៀង ទីនី (ភ្នំពេញក្រោន) ភ័ក្ត្រ រ៉ាឌី ថោង ឧត្តម (ការពារជាតិ) សុក រិទ្ធី ឡាយ រស្មី (ព្រះខ័នរាជ) អ៊ិន វិច្ឆិកា សុះ ណាសៀត (គិរីវង់)
- ខ្សែបម្រើៈ ទុំ សារ៉ាយ ប្រាក់ មុន្នីឧត្តម សួន វាសនា (ព្រះខ័នរាជ) ស៊ុន សុបញ្ញា ភួង ណារ៉ុង (ភ្នំពេញក្រោន) ភួង សុខសាណា ឈិន ឈឿន (ការពារជាតិ) ឈុន សុធារ័ត្ន (បៀលប្រាយ) ទិត្យ ឌីណា (នគរបាលជាតិ) សុះ ស៊ូហាណា (ព្រែកប្រាកីឡា)
- ខ្សែប្រយុទ្ធៈ គួច សុគម្ភៈ (ភ្នំពេញក្រោន) ឃួន ឡាបូរ៉ាវី សំអែល ណាសា (ព្រះខ័នរាជ) និង ម៉ាត់ ហូសាន់ (ព្រែកប្រាកីឡា)៕
ចំណាំ៖ ស៊ូ យ៉ាទី មានឈ្មោះជំនួសមិត្តរួមក្រុមក្រសួងការពារជាតិរបស់ខ្លួន អ៊ំ វិចិត្រ ដែលបានរងរបួសប្រអប់ដៃពេលប្រកួតជាមួយភ្នំពេញក្រោន៕