ក្តីស្រមៃរបស់បុរសម្នាក់ក្នុងការធ្វើអន្តោប្រវេសន៍ទៅស្រុកបារាំង បានរងបរាជ័យ។ គាត់បានបញ្ចូលខ្លួនទៅក្នុងប្រអប់មួយ ប៉ុន្តែត្រូវបានគេមើលឃើញតាមម៉ាស៊ីនស្កែននៅព្រលានយន្តហោះ៕
…. អីក៏……យ៉ាងនេះ!!!
ខែធ្នូ 1, 2011អាក្រក់អីក៏អាក្រក់យ៉ាងនេះ!!! យ៉ាប់អីក៏យ៉ាប់នេះ!!! ស្អាតអីក៏ស្អាតយ៉ាងនេះ!!! ក្រអីក៏ក្រយ៉ាងនេះ!!! ឃ្លាតម្អូញ ឃ្លាបង្អាប់ ឃ្លាសរសើរ…. អីក៏…យ៉ាងនេះ កំពុងក្លាយជាឃ្លាដ៏ពេញនិយមបំផុតសម្រាប់យុវជនខ្មែរនាពេលបច្ចុប្បន្ននេះ។
តាមពិត ឃ្លានេះមិនមានន័យដែលពិបាកយល់ឡើយ វាសំដៅទៅលើន័យចំៗ។ ខ្ញុំអាចនិយាយបានថា ការនិយាយឃ្លានេះដោយបង្អូសសំឡេងយ៉ាងវែង បានចេញពីមាត់របស់ក្រុមតារាកំប្លែង «នាយ ពែកមី» នៅបណ្តាញទូរទស្សន៍ស៊ីធីអិន។
ស៊ីមពីរ
ខែវិច្ឆិកា 30, 2011ពាក្យនេះ មិនមានឡើយនៅក្នុងវចនានុក្រមសម្តេច ជួន ណាត ហើយក៏មិនមានដែរនៅក្នុងវចនានុក្រមដែលបោះពុម្ពផ្សាយដោយគណៈកម្មាធិការជាតិភាសាខ្មែរ។
បើស្តាប់ឮការនិយាយភ្លាម យើងនឹងគិតទៅដល់ភ្លាមអំពីប្រភេទទូរស័ព្ទស៊ីមពីររបស់ចិន ដែលអនុញ្ញាតិឲ្យយើងអាចប្រើប្រាស់បណ្តាញទូរស័ព្ទពីរក្នុងពេលតែមួយ។
ប៉ុន្តែតាមពិត ពាក្យនេះ មានន័យម្យ៉ាងទៀត ដោយជនបរទេសមួយចំនួនដែលរៀនភាសាខ្មែរពិបាកចាប់យកបាន។ ពាក្យនេះត្រូវបានគេប្រើសម្តៅលើជំពូកមនុស្សទាំងប្រុសទាំងស្រីដែលមានឧប្បនិស័្សយផ្លូវភេទមិនរើសភេទ។ ដូច្នេះ មនុស្សស៊ីមពីរ គឺជាអ្នកដែលស្រឡាញ់ទាំងបុរស និងស្ត្រី។
ពាក្យនេះមានន័យជ្រៅជាងនេះទៀត ដោយសម្តៅលើអ្នកដែលចូលចិត្តឡើងលើគ្រែជាមួយបុរសផង និងស្ត្រីផង។ អាចមានន័យប្រហាក់ប្រហែល ខ្ទើយ ប៉េដេ ឬ ហ្គេ។
ប៉ុន្តែសូមបញ្ជាក់ថា ខ្ទើយ ប៉េដេ ឬហ្គេ អាចចាប់អារម្មណ៍លើភេទតែមួយប៉ុណ្ណោះ មិនជាទូទៅឡើយ។ ឧទាហរណ៍ ខ្ទើយប្រុសស្រឡាញ់តែប្រុស ហើយមិនមានអារម្មណ៍ជាមួយនឹងស្រីជាដើម។។។។។
សុំទោសប្រសិនបើមានការខុសឆ្គង។
អ្នកនិពន្ធថ្មីក៏មិនអន់ដែរ
ខែវិច្ឆិកា 29, 2011អស់រយៈពេលជាងបួនឆ្នាំហើយដែលខ្ញុំបានដកចេញឆ្ងាយពីពិភពរឿងប្រលោមលោក និងរឿងនិទានខ្លីៗ។ ខ្ញុំហាក់ដូចជាមានគំនិតទុទិដ្ឋិនិយមចំពោះនិពន្ធនាសម័យបច្ចុប្បន្ន ពោលគឺអ្នកនិពន្ធជំនាន់ថ្មី។ ប៉ុន្តែការគិតរបស់ខ្ញុំគឺខុសទាំងស្រុង ព្រោះថាស្នាដៃរបស់យុវនិពន្ធខ្មែរ ក៏មិនអន់នោះឡើយ។ កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆកា កន្លងមក ខ្ញុំ និងមិត្តស្រី បានជិះម៉ូតូទៅ បណ្ណាគារដើម្បីមើលការតាំងពិព័ណ៍សៀវភៅប្រចាំឆ្នាំ។
ពួកយើងមិនមែនជាអ្នកអានដ៏ងុបងល់នោះឡើយ ប៉ុន្តែពួកយើងគឺជាអ្នកដែលផ្តល់តម្លៃដល់ការតែងនិពន្ធ។ មិត្តស្រីរបស់ខ្ញុំ កញ្ចនា បានទិញសៀវភៅដែលទាក់ទងនឹងការអប់រំផ្លូវចិត្ត ចំណែកឯខ្ញុំបានដើរតម្រង់ទៅតូបដែលមានដាក់លក់រឿងប្រលោមលោក និងរឿងខ្លីៗ។
ខ្ញុំបានសម្រេចចិត្តទិញសៀវភៅរឿងដែលចងក្រងដោយ អ្នកនិពន្ធ យូ សុភា ហង្ស បូរិន និង សុខ ចាន់ផល។ អីយ៉ា មិនធម្មតាទេ។ ទើបតែចាប់ផ្តើមអានពីររឿងប៉ុណ្ណោះនៅក្នុងកម្រងរឿងខ្លី «ទុកបរិញ្ញាប័ត្រឲ្យមេឃមើល» អ្នកនិពន្ធ យូ សុភា បានធ្វើឲ្យខ្ញុំស្រុកទឹកភ្នែកដោយសាររឿង «ព្រាត់ស្នេហ៍នៅកោះពេជ្រ» ហើយធ្វើឲ្យខ្ញុំព្រឺព្រួចដោយសាររឿង «បំបែករឿងឃាតកម្ម»។ (សុំទោសចាំចំណងជើងមិនសូវច្បាស់)។
ដូច្នេះ រឿងសូមសន្យាថា នឹងបន្តគាំទ្រអ្នកនិពន្ធយើងជាដរាប។។។។។

លោក Gary Speed, អ្នកចាត់ការទូទៅក្រុមជម្រើសជាតិវេលស៍ស្លាប់ក្នុងអាយុ៤២ឆ្នាំ
ខែវិច្ឆិកា 28, 2011
លោក Gary Speed ត្រូវបានគេប្រកាសថាបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆកា ឆ្នាំ២០១១ ដោយការធ្វើអត្តឃាតចងកខ្លួនឯងនៅក្នុងផ្ទះ នៅតំបន់ Chester។
គាត់ធ្លាប់លេងក្នុងតួនាទីជាខ្សែបម្រើ ដោយបានបង្ហាញខ្លួនចំនួន៨៥លើកសម្រាប់ក្រុមជម្រើសជាតិវេលស៍។
អាជីពរបស់ Gary Speed:
- ១៩៦៩: កើតនៅថ្ងៃទី៨ ខែកញ្ញា នៅតំបន់ Mancot, Flintshire
- ១៩៨៨: លេងក្នុងក្រុម Leeds ក្នុងអាយុ ១៩ឆ្នាំ
- ១៩៩២: ឈ្នះពាន First Division ជាមួយក្រុម Leeds ដោយបានបង្ហាញខ្លួន ៣១២លើក
- ១៩៩៦: ផ្ទេរទៅកាន់ Everton ក្នុងតម្លៃខ្លួន ៣.៥លានផោន។ បង្ហាញខ្លួន ៦៥លើក។
- ១៩៩៨: ចូលរួមជាមួយ Newcastle ក្នុងតម្លៃខ្លួន ៥.៥លានផោន។ ធ្លាប់បរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ចំនួនពីរលើក។
- ២០០៤: ចូលរួមជាមួយ Bolton ក្នុងតម្លៃខ្លួណ ៧៥០,០០០ផោនា
- ២០០៦: ក្លាយជាកីឡាករទីមួយដែលបានបង្ហាញខ្លួន ៥០០ដងក្នុង Premier League។
- ២០០៧: ក្លាយជាគ្រូជំនួយនៅ Bolton។ ក្លាយជាកីឡាករទីមួយដែលបានស៊ុតបាល់បញ្ចូលទីជារៀងរាល់រដូវកាល (ក្រោយមក Ryan Giggs)។ ចូលរួមជាកីឡាករខ្ចីជើងនៅ Sheffied United។
- ២០០៨: លេងជាអចិន្ត្រៃយ៍នៅ Sheffied United ក្នុងតម្លៃខ្លួន ២៥០,០០០ ផោន។ ក្រោយមកចូលទៅក្នុងក្រុមគ្រូបង្វឹក។
- ២០១០: លាចាកអាជីពជាកីឡាករ ហើយត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Sheffield United នៅក្នុងខែសីហា។ ក្លាយជាអ្នកចាត់ការទូទៅជម្រើសជាតិវេលស៍នៅក្នុងខែកញ្ញា។
-២០១១: វេលស៍ឈ្នះន័រវែស ៤-១ ក្នុងខែវិច្ឆកាដែលជាជ័យជម្នះទី៥របស់លោកក្នុងចំណោម១០ប្រកួត៕
រូបភាព និង អត្តបទ: BBC Sport
កីឡាករចំនួន២៥នាក់សម្រាប់ការប្រកួតមិត្តភាពជាមួយឈុតអូឡាំពិកម៉ាឡេស៊ី
ខែមិថុនា 7, 2011ភ្នំពេញៈ កាលពីថ្ងៃម្សិលមិញ លោក Lee Tae Hoon គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង បានបញ្ចេញបញ្ជីឈ្មោះនៃក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុ ជាចំនួន២៥នាក់សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមឈុតយុវជន អូឡាំពិក (ក្រោម ២៣ឆ្នាំ) របស់ម៉ាឡេស៊ី នាថ្ងៃអង្គារ នៅពហុកីឡដ្ឋានជាតិ។
នេះគឺជាការប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំសម្រាប់ កម្ពុ ជានៅមុនការប្រកួតជម្រុះជុំទីមួយប្រចាំតំបន់អាស៊ីនៃយុទ្ធ នាការ ពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ដោយក្រុមកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឡាវនៅចុង ខែនេះ។
កីឡាករដែលកំពុងលេងនៅប្រទេសថៃ ដូចជា ឃឹម បូរី កែវ សុងន និងចាន់ រិទ្ធី មិនទទួលបាននូវការកោះហៅឡើយ ខណៈ អ្នកចាំទី ប៉េង ប៊ុនឆាយ និងខ្សែប្រយុទ្ធ សុក ផេង របស់ភ្នំពេញក្រោនដែលបានបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិនា យុទ្ធនាការ AFC Challenge Cup នៅប្រទេសម៉ាល់ឌីវ ក៏ត្រូវបានដកចេញពីបញ្ជីផងដែរ។
កីឡាករថ្មីចំនួន៨នាក់ ត្រូវបានលោក Lee Tae Hoon ដាក់បញ្ចូលសម្រាប់ជំនួបជាមួយក្រុមជម្រើសជាតិយុវជនម៉ាឡេស៊ី ដែលជាម្ចាស់ជើងឯកស៊ីហ្គេមឆ្នាំ២០១០។
ការជ្រើសរើសកីឡាករមួយចំនួនក៏ទទួលបាននូវការរិះគន់ផងដែរពី សំណាក់ក្រុមអ្នកគាំទ្រ ប៉ុន្តែ លោក អៀង សាក់នីដា ជំនួយការគ្រូបង្វឹក បានមានប្រសាសន៍កន្លងមកថា លោក Lee Tae Hoon សម្លឹងទៅដល់យុទ្ធនាការស៊ីហ្គេមនាពេលខាងមុខ ហេតុដូច្នេះហើយបានជាលោកដាក់បញ្ចូលកីឡាករក្មេងៗជាច្រើននៅ ក្នុងក្រុម។
នៅមុនជំនួបជាមួយកម្ពុជា ក្រុមជម្រើសជាតិឡាវ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពចំនួនពីរលើកនៅប្រទេសចិនផងដែរ។
ឡាវនិងកម្ពុជា បានជួបគ្នានៅក្នុងយុទ្ធនាការវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១០ ដែលទទួលបានលទ្ធផលស្មើ ០-០។
បញ្ជីឈ្មោះកីឡាករទាំង២៥នាក់៖
- អ្នកចាំទីៈអ៊ុក ម៉ិច (ព្រះខ័នរាជ) ស៊ូ យ៉ាទី (ការពារជាតិ)
- ខ្សែការពារៈទូច បញ្ចរ៉ុង សាយ ពិសិដ្ឋ (នគរបាលជាតិ) ទៀង ទីនី (ភ្នំពេញក្រោន) ភ័ក្ត្រ រ៉ាឌី ថោង ឧត្តម (ការពារជាតិ) សុក រិទ្ធី ឡាយ រស្មី (ព្រះខ័នរាជ) អ៊ិន វិច្ឆិកា សុះ ណាសៀត (គិរីវង់)
- ខ្សែបម្រើៈ ទុំ សារ៉ាយ ប្រាក់ មុន្នីឧត្តម សួន វាសនា (ព្រះខ័នរាជ) ស៊ុន សុបញ្ញា ភួង ណារ៉ុង (ភ្នំពេញក្រោន) ភួង សុខសាណា ឈិន ឈឿន (ការពារជាតិ) ឈុន សុធារ័ត្ន (បៀលប្រាយ) ទិត្យ ឌីណា (នគរបាលជាតិ) សុះ ស៊ូហាណា (ព្រែកប្រាកីឡា)
- ខ្សែប្រយុទ្ធៈ គួច សុគម្ភៈ (ភ្នំពេញក្រោន) ឃួន ឡាបូរ៉ាវី សំអែល ណាសា (ព្រះខ័នរាជ) និង ម៉ាត់ ហូសាន់ (ព្រែកប្រាកីឡា)៕
ចំណាំ៖ ស៊ូ យ៉ាទី មានឈ្មោះជំនួសមិត្តរួមក្រុមក្រសួងការពារជាតិរបស់ខ្លួន អ៊ំ វិចិត្រ ដែលបានរងរបួសប្រអប់ដៃពេលប្រកួតជាមួយភ្នំពេញក្រោន៕
សូមវិញ្ញាណខ័នបង រាជ សម្បត្តិ ឈានទៅកាន់សុគតិភព
ខែឧសភា 13, 2011រុស្ស៊ី ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ រីឯកាតា ឆ្នាំ២០២២
ខែធ្នូ 3, 2010ខ្ញុំគិតថានឹងបំភ្លេចប្លក់នេះ ចោលហើយ ប៉ុន្តែរបស់ដែលបង្កើតហើយគួរតែរក្សាវាទៅចុះ។ វេលាម៉ោង៩ ជាងនារាត្រីថ្ងៃព្រហស្បត្តិ៍នេះ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការកំណត់ប្រទេសដែលនឹងត្រូវរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ និង២០២២។
លោក Sepp Blatter, ប្រធាន FIFA បានប្រកាសថា រុស្ស៊ី ជាជ័យលាភីសម្រាប់ឆ្នាំ ២០១៨ រីឯ កាតា សម្រាប់ឆ្នាំ២០២២៕
អនុស្សាវរីយ៍ស៊ីហ្គេមនៅវៀងច័ន្ទ
ខែធ្នូ 22, 2009ខ្ញុំបានចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយក្រុមកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា នៅវេលាម៉ោង ៦ព្រឹក នាថ្ងៃទី ៥ ធ្នូ ដើម្បីឆ្ពោះដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង។
យើងបានចំណាយពេលពីរថ្ងៃដើម្បីបានទៅដល់ទីនោះ ដោយស្នាក់នៅតំបន់ប៉ាក់សេ ខេត្តចម្ប៉ាសាក់ មួយយប់។ នៅតាមផ្លូវ យើងទទួលបានការយកចិត្តទុកដាក់យ៉ាងប្រសើរពីសំណាក់យុវជនស្ម័គ្រចិត្តរបស់ឡាវ។ ពេលទៅដល់វៀងច័ន្ទនៅល្ងាចថ្ងៃទី ៦ ធ្នូ ខ្ញុំមានការរំភើបចិត្តណាស់ព្រោះបានជួបខ្មែរដែលជានិស្សិតនៅទីនោះ ពិសេសសុខេង ដែលបានស្ម័គ្រធ្វើកិច្ចការសម្រួលដំណើរការរៀបចំស៊ីហ្គេមនៅឡាវ។
ក្រុមកីឡាករ គ្រូបង្វឹកនឹងថ្នាក់ដឹកនាំកីឡា ត្រូវបានគេបញ្ជូនទៅនៅ កន្លែងប្រមូលផ្តុំដែលហៅថា SEA Games Village ហើយមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីសកលវិទ្យាល័យជាតិរបស់ឡាវ។ ចំណែកខ្ញុំ និងអ្នកមួយចំនួនទៀតត្រូវសុខេងនាំទៅស្នាក់នៅផ្ទះសំណាក់ដែលជាកម្មសិទ្ធរបស់ប្រធាននាយកដ្ឋាន
សិក្សាភាសាអាល្លឺម៉ង់។ តម្លៃ ៥០០០០គីបក្នុងមួយយប់ជាតម្លៃមួយដ៏សមរម្យសម្រាប់ខ្ញុំ។ អរគុណសុខេង ដែលបានឲ្យខ្ញុំខ្ចីស៊ីមកាតដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។
«ខ្ញុំនឹងបន្តរៀបរាប់ទៀត ព្រោះពេលនេះ ពេលវេលាមិនអំណោយផល»
ប៉ុន្តែទាំងអស់គ្នាក៏អាច អានពីការរៀបរាប់នូវដំណើរដ៏វែងឆ្ងាយនេះ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ The Road to the SEA Games
គ្មានចំណាត់ក្រុម |
បានចុះផ្សាយដោយ ចំរើន 

